14​ចំណុច​ជា​គន្លឹះ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​អនុវត្ត​ក្នុង​ការ​ថែរក្សា​ជើង

14​ចំណុច​ជា​គន្លឹះ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​អនុវត្ត​ក្នុង​ការ​ថែរក្សា​ជើង

សុខភាព​ជើង​គឺជា​រឿង​សំខាន់​ក្នុង​ការ​ថែរក្សា​ការពារ​កុំឱ្យ​មាន​របួស​ស្នាម ។ ការ​ព្រងើយ​ចំពោះ​រឿង​តូចតាច​ជា​ហេតុ​នាំ​ឱ្យ​កើត​មាន​បញ្ហា​ធំ​ជា​ពិសេស​ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម បើ​មាន​ស្នាម​របួស​ហើយ​ពិបាក​ព្យាបាល​ឱ្យ​ជា​សះ​ណាស់ ។
អ្នកជំងឺ​ទឹកនោមផ្អែម​ដែល​មាន​ចុង​ប្រសាទ​ទទួល​វិញ្ញាណ​ខ្សោយ ដែល​អ្នកខ្លះ​អាច​ដើរ​ជាន់​ដែកគោល ឬ​វត្ថុ​រឹង​នានា​ដោយ​មិនដឹង​ថា ឈឺ​ផង​រហូត​អ្នកខ្លះ​ជ្រុះ​ស្បែកជើង​ចេញពី​ជើងពេល​កំពុង​ដើរ​ក៏​មាន ។

ការ​ពិនិត្យ​ករណី​ត្បៀត​សរសៃឈាម​ជា​កត្តា​សំខាន់​បំផុត​ក្នុង​ការ​ធ្វើ​ឱ្យ​ដំបៅ​ឆាប់​ជា​ពីព្រោះ​សរសៃឈាម​ជា​ផ្លូវ​ដឹក នាំសារ​ធាតុ​ចំណីអាហារ និង​ថ្នាំ​ទៅ​កាន់​បរិវេណ​ដែល​កើត​ដំបៅ​ថែម​ទាំង​ជា​ផ្លូវ​កម្ចាត់​វត្ថុ​កខ្វក់​ចេញពី​ដំបៅ​ផង​ដែរ ។ អាកា​រៈ​ដែល​បញ្ជាក់​ថា​មាន​បញ្ហា​កើតឡើង​ចំពោះ​សរសៃឈាម គឺ​អាកា​រៈ​ឈឺ​ជើង​នៅ​ពេល​ដើរ ហើយ​នៅ​ពេល​ឈប់​សម្រាក​មួយសន្ទុះ​ក៏​បាត់​ទៅ​វិញ ដូច្នេះ​ដើម្បី​ចៀសវាង​កុំឱ្យ​កើត​មាន​ជំងឺ​ដំបៅ​ជើង ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម​ត្រូវ​ប្រតិបត្តិ​ដូច​ខាងក្រោម ៖

១-​លាង​ជើង​រាល់ថ្ងៃ​ជាមួយ​សាប៊ូ និង​មិន​ត្រូវ​ត្រាំ​ជើង​ក្នុង​ទឹក​យូរ​ពេក​ទេ ។

២-​ជូត​សម្អាត​ជើង​ឱ្យ​ស្ងួត​ដោយ​ប្រើ​ក្រណាត់​ទន់ ជា​ពិសេស​នៅ​ចន្លោះ​ម្រាមជើង​មិន​ត្រូវ​ឱ្យ​មានទឹក​សើម​នោះ​ទេ ។
៣-​កាត់​ក្រចក​ដោយ​ប្រុង​ប្រយ័ត្ន និង​ត្រូវ​កាត់​ទទឹង​ក្រចក​ជា​ខ្សែ​ត្រង់ រួច​ប្រើ​ដែក​រូស​ក្រចក​ឱ្យ​រាបស្មើ​តាម​ក្រោយ ជា​ពិសេស​មិន​ត្រូវ​កាត់​ក្រចក​ឱ្យ​ខ្លី​ពេក (​ដល់​សាច់​គល់​ក្រចក​) នោះ​ទេ ។
៤-​រក្សា​សំណើម​ជើង​ឱ្យ​បាន​សម​ស្រប បើ​ស្បែក​បរិវេណ​ជើងមាន​លក្ខណៈ​ស្ងួត​គួរតែ​លាប​ក្រែ​ម បើ​ស្បែក​មាន​លក្ខណៈ​ងាយ​សើម​គួរ​ប្រើ​ម្សៅ​ហ៊ុយ​រោយ មិន​ត្រូវ​ឱ្យ​ក្រែ​ម ឬ​ម្សៅ​កក​ជាប់​គ្នា​ដុំ​ៗ​នោះ​ទេ ព្រោះ​វា​អាច​ជា​ប្រភព​ចម្លងរោគ​ដោយ​ងាយ ។
៥-​ប្តូរ​ស្រោមជើង​រាល់ថ្ងៃ និង​ត្រូវ​ជ្រើសរើស​ស្រោមជើង​ដែល​អាច​ផ្តិត​ញើស​បាន​ល្អ​មិន​ធ្វើ​ឱ្យជើង​ងាយ​សើម ។
៦-​ជ្រើសរើស​ស្បែកជើង​ណា​ដែល​សម​ល្មម​នឹង​ទំហំ​ជើង​ពាក់​ទៅ​ស្រួល​ជើង ។ មិន​ត្រូវ​ជ្រើសរើស​ស្បែកជើង​ដែល​ចង្អៀត​ពេក​មក​ពាក់​នោះ​ទេ ព្រោះ​ធ្វើ​ឱ្យ​ត្បៀត​ចរន្តឈាម ។
៧-​ត្រូវ​ការពារ​ជើង​ជា​និច្ច ដោយ​ចៀសវាង​ការ​ដើរ​ជើង​ទទេ មិន​ថា​នៅ​ក្នុងផ្ទះ ឬ​ចេញ​ទៅ​ក្រៅ​ផ្ទះ​នោះ​ទេ ព្រោះ​អាច​មុត​កម្ទេច​វត្ថុ​ស្រួច ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​កើត​មាន​របួស​ដោយ​មិនដឹង​ខ្លួន ។
៨-​មិន​គួរ​ដាក់​ថង់​ទឹក​ក្តៅ​នៅ​លើ​ជើង ឬ​ត្រាំ​ទឹក​ក្តៅ​ជា​ដាច់ខាត ព្រោះ​អ្នកជំងឺ​អាច​មានការ​ចុះ​ខ្សោយ​ចុង​ប្រព័ន្ធ​ប្រសាទ​ស្បែក មិន​អាច​ដឹង​ពី​សីតុណ្ហភាព​បាន​ល្អ អាច​ឱ្យ​ទឹក​ក្តៅ​រលាកជើង បង្ក​ជា​ពងបែក​កើតជា​ដំបៅ​រ៉ាំរ៉ៃ​បាន​។
៩-​មិន​ត្រូវ​កាត់​ស្បែកជើង​ដែល​ក្រិន​ចេញ​ដោយ​ខ្លួនឯង​នោះ​ទេ គួរតែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ។
១០-​មិន​គួរ​ជក់បារី ព្រោះ​វា​ធ្វើ​ឱ្យ​សរសៃឈាម​កកស្ទះ​ធ្វើ​ឱ្យ​ប្រព័ន្ធ​បង្ហូរឈាម​ចុះ​ខ្សោយ ។
១១-​ត្រូវ​ពិនិត្យ​មើល​រាល់ថ្ងៃ​ថា​តើ​ជើង​របស់​អ្នកមាន​របួស កន្ទួល ស្នាម​ក្រហម ខៀវ​ជាំ និង​មាន​ស្នាម​ប្រេះ​ដែរ​ឬទេ ?
១២-​មុន​ពេល​ពាក់​ស្បែកជើង​គ្រប់ពេល គួរតែ​ពិនិត្យ​ខាងក្នុង​ជា​មុន​សិន​ក្រែង​មាន​ដុំ​វត្ថុ​រឹង​នៅ​ក្នុង​នោះ​។
១៣-​ហាត់ប្រាណ​ជើង​ជា​និច្ច យ៉ាង​ហោច​ណាស់​ឱ្យ​បាន​១៥​នាទី​ក្នុង​មួយ​ថ្ងៃ​ដើម្បី​ឱ្យ​ឈាម​នៅ​នឹង​កជើង​ដើរ​បាន​ស្រួល ។
១៤-​ត្រូវ​ប្រញាប់​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​នៅ​ពេល​កើត​មាន​ដំបៅ ក្រចក​ខុប ទឹក​ស៊ីជើង​នៅ​ចន្លោះ​ម្រាមជើង ឬ​ហើម​នៅ​បរិវេណ​ដុំ​សាច់​កំភួនជើង ៕


brony

163 Blog posts

Comments