អត្ថាធិប្បាយ
ឃ្លានឆ្ញាញ់
គម្លានបណ្ដាលមកពីខ្សោះជាតិអាហារក្នុងខ្លួន ។ កាលណាមនុស្សខ្វះជាតិអាហារក្នុងខ្លួន សរីរាង្គទាំងមូលទាមទាររសជាតិអាហារដើម្បីចិញ្ចឹមអត្តភាពរាងកាយក៏បង្កើតគម្លាននេះឡើង ។ កាលណាមនុស្សស្រេកឃ្លានអាហារហើយ ចំណីអ្វីដ៏ដោយបើបានលេបចូលទៅសុទ្ធតែមានរសជាតិឆ្ងាញ់ទាំងអស់ ។ ដូច្នេះបើគេឃ្លានខ្លាំង ឆ្ងាញ់ក៏កាន់តែខ្លាំងដែរ ។ សមដូចព្រះពុទ្ធដីកាត្រាស់ថា រោគអ្វីមិនស្មើនឹងរោគឃ្លាន ។
ស្រលាញ់ល្អ
ស្រលាញ់នៅពេលនេះ លោកសំដៅយកការស្រលាញ់រវាងភេទ ។ កាលណាមនុស្សមានតណ្ហាដុតរោលកញ្ជ្រោលឡើងហើយ គេតែងតែមានអារម្មណ៍ត្រេកត្រអាលក្នុងផ្លូវលោកិយ ។ ពេលនេះគេមើលឃើញមនុស្សដែលមានភេទផ្ទុយចេះតែមានសម្ផស្សស្រស់ស្អាតសមសួនគួរឲ្យភិសវង់ទាំងអស់ ព្រោះភ្នែកគេស្រវាំងអស់ហើយ ។ គេមើលឃើញតែម្យ៉ាងគឺ ស្អាត ល្អ ។ បើឮគេសើច ឬច្រៀង គេស្ដាប់ពិរោះដូចតន្ត្រីទិព្វ ។