ឃ្លាន​ឆ្ងាញ់ ស្រលាញ់​ល្អ

និយមន័យៈ អ្វី​ដែល​កំពុង​ត្រូវការ​សុទ្ធ​តែ​ឆ្ងាញ់ និង​ល្អ​ទាំង​អស់ ។

អត្ថាធិប្បាយ

ឃ្លាន​ឆ្ញាញ់

គម្លាន​បណ្ដាល​មក​ពី​ខ្សោះ​ជាតិ​អាហារ​ក្នុង​ខ្លួន ។ កាលណា​មនុស្ស​ខ្វះ​ជាតិ​អាហារ​ក្នុង​ខ្លួន សរីរាង្គ​ទាំង​មូល​ទាមទារ​រស​ជាតិ​អាហារ​ដើម្បី​ចិញ្ចឹម​អត្តភាព​រាងកាយ​ក៏​បង្កើត​គម្លាន​នេះ​ឡើង ។ កាលណា​មនុស្ស​ស្រេក​ឃ្លាន​អាហារ​ហើយ ចំណី​អ្វី​ដ៏​ដោយ​បើ​បាន​លេប​ចូល​ទៅ​សុទ្ធ​តែ​មាន​រសជាតិ​ឆ្ងាញ់​ទាំង​អស់ ។ ដូច្នេះ​បើ​គេ​ឃ្លាន​ខ្លាំង ឆ្ងាញ់​ក៏​កាន់​តែ​ខ្លាំង​ដែរ ។ សម​ដូច​ព្រះពុទ្ធ​ដីកា​ត្រាស់​ថា រោគ​អ្វី​មិន​ស្មើ​នឹង​រោគ​ឃ្លាន ។

ស្រលាញ់​ល្អ

ស្រលាញ់​នៅ​ពេល​នេះ លោក​សំដៅ​យក​ការ​ស្រលាញ់​រវាង​ភេទ ។ កាលណា​មនុស្ស​មាន​តណ្ហា​ដុត​រោល​កញ្ជ្រោល​ឡើង​ហើយ គេ​តែង​តែ​មាន​អារម្មណ៍​ត្រេក​ត្រអាល​ក្នុង​ផ្លូវ​លោកិយ ។ ពេល​នេះ​គេ​មើល​ឃើញ​មនុស្ស​ដែល​មាន​ភេទ​ផ្ទុយ​ចេះ​តែ​មាន​សម្ផស្ស​ស្រស់​ស្អាត​សម​សួន​គួរ​ឲ្យ​ភិសវង់​ទាំងអស់ ព្រោះ​ភ្នែក​គេ​ស្រវាំង​អស់​ហើយ ។ គេ​មើល​ឃើញ​តែ​ម្យ៉ាង​គឺ ស្អាត ល្អ ។ បើ​ឮ​គេ​សើច ឬ​ច្រៀង គេ​ស្ដាប់​ពិរោះ​ដូច​តន្ត្រី​ទិព្វ ។

 

thorn thearak

245 Blog posts

Comments