បពិត្រអញខ្ញុំ ហត្ថាបង្គំ ប្រណម្យវន្ទា សូមមានតេជះ ដូចព្រះរាមា សូមមានប្រាជ្ញា ដូចព្រះមហោសថ ។ ខ្ញុំថ្វាយបង្គំ ព្រះពុទ្ធឧត្ដម ប្រាជ្ញាមោះមុត តែងនាំសត្វផង ឆ្លាស់ឆ្លងសមុទ្រ សង្សារចំហុត ដាក់ដល់សួគ៌ា ។ ព្រះអង្គត្រាស់ត្រេច សាងសម្ភារស្រេច ផ្ដាច់សង្សារា លើសលែងត្រៃភព សាយសព្វទិសា ព្រះអង្គផ្ចាញ់មារ ដល់និព្វានហោង ។ បង្គំព្រះពុទ្ធ បារមីពិសុទ្ធ ពិសេសឥតហ្មង ពន្លឺរស្មី ភ្លឺក្រៃកន្លង ដល់សួគ៌នាយហោង ភ្លឺផ្លេកសព្វស្ថាន ។ បង្គំព្រះធម៌ ពិតសេសមានអាថ៌ ជ្រៅពន់ប្រមាណ អាចតែងត្រងរង សត្វផងសព្វស្ថាន ជាខ្លឹមប្រធាន ត្រីពិធសម្បត្តិ ។ បង្គំព្រះសង្ឃ ប្រសើរសឹងទ្រង់ សីលសុទ្ធមធ្យ័ត ជាស្រូវស្រែបុណ្យ មានគុណគាប់ក្ដាត់ តាមផ្លូវប្រតិបត្តិ ព្រះសង្ឃទាំងឡាយ ។ លោកខំសង្វាត យកបិណ្ឌបាត ប្រោសសត្វសម្ជាយ ឲ្យអស់ទុក្ខភ័យ ទោសពៃរ៍ក្នុងកាយ សត្វផងទាំងឡាយ តាមសទ្ធាហោង ។ នេះនឹងស្រដី បុរសប្រុសស្រី ពីរនាក់ជាម្ដង ប្ដីនិងប្រពន្ធ ឲ្យធនធានផង ឥតញាតិសោតហោង ឥតផៅសន្តាន ។ រកស៊ីនៅនា ក្នុងព្រៃព្រឹក្សា យូរទៅទើបបាន កាប់ឈើរើព្រៃ នៅព្រៃស្មសាន បន្តិចទើបបាន ចម្ការមួយហោង ។ នោះឯងធំក្រៃ ប្រមាណនោះនៃ ប្រាំសិនជាម្ដង ជាអ្នកកម្សត់ ទុគ៌តកន្លង ទាំងពីរនាក់ហោង ត្រេកអរពេកក្រៃ ។ លុះដាំស្រូវទៅ ក្នុងចម្ការកូវ ស្រូវនោះប្រពៃ នឹកថាស្រូវអញ នេះពេញល្អក្រៃ គុម្ពធំណាស់នៃ លើសស្រូវអ្នកផង ។ ជាយូរលង់ទៅ រីឯដើមស្រូវ នោះកូវសោតហោង ល្អ ៗ ក្រៃលែង កួរវែងកន្លង ដាក់គួរល្គាយល្គង ទន់ ៗ តាមគ្នា ។ ល្អល្អះប្រពៃ រីស្រូវនោះនៃ ទុំពេញចម្ការ រន្ទាលច្រាលឆ្អៅ ផ្លែស្រូវនោះណា៎ ពាសពេញចម្ការ បរិបូណ៌ជាត្រើយ យកស្រូវមកហើយ ដាក់លើផ្ទះហោង ។ លុះដល់រដូវ នាំគ្នាយកស្រូវ ទៅដាំទៀតផ្គង ដូចកាលសព្វគ្រា ពីដើមនោះផង ស្រូវនោះឯងហោង ល្អដូចដើមនៃ ។ យូរលង់ទៅណា បានភោជ្យផលា រឹតតែច្រើនក្រៃ ពេញបរិបូណ៌ណាស់ ឥតខ្វះឡើយនៃ ត្រេកអរពេកក្រៃ ធ្វើជង្រុកឯង ។ មួយនោះធំក្រៃ ហើយវែងផងនៃ ប្រាកដជាក់ស្ដែង ធេងធំទូលាយ ខ្ពស់ក្រៃគួរស្ញែង ជង្រុកប្រាំ ល្វែងឥតក្រែងអ្នកផង ជាយូរទៅណានាងមានកូនង៉ា មួយល្អកន្លង ឲ្យឈ្មោះអាសាញ់ ធំពេញចិត្តហោង ស៊ីបាយច្រើនដង មួយឆ្នាំងមួយថ្ងៃ ។ លុះដល់គម្រប់ប្រាំមួយដណ្ដប់ ឆ្នាំហើយសោតនៃបរិភោគអាហារកាន់តែច្រើនក្រៃ នាក្នុងមួយថ្ងៃ បីថាំងអង្ករ ។ រីម្ដាយឪពុក ចេះតែកើតទុក្ខ ភ័យតែពីរក្រ រីស្រូវក្នុងស្រែកាន់តែមិនល្អ ភ័យតែពីរក្រ ធ្វើស្រូវមិនទាន់ទើបមកគិតគ្នា បើខំទុកវា ឃើញថាមិនគ្រាន់ ពីដើមយើងមាន ឥឡូវយើងកាន់ តែថយជាក់ស្បាន់ សម្បត្តិហិនក្រ ។ រីស្រូវចម្ការ យូរឆ្នាំហើយណា កាន់តែមិនល្អ ទុកវាធ្វើអ្វី នាំឲ្យតែក្រ សម្លាប់ឲ្យមរណ អាចោរចង្រៃ ។
បទព្រហ្មគីតិ
ឪពុកហៅកូនហើយ អាសាញ់អើយមកឲ្យឆាប់ ! ត្បិតអញចង់ទៅគាប់ ឈើព្រៃភ្នំនោះណា៎ ។ អាសាញ់បានឮហើយ ដើរព្រងើយប្រាប់ឈើផង ។ ថាម៉ែដាំបាយរ៉ា ដាំបាយឆាប់ពេកកន្លង ខ្ចប់ឲ្យអាសាញ់ហោង ហើយអាសាញ់ស្ដាយដើរវៃ ។ ឪពុកថាអាសាញ់ ខំដើរខ្មាញ់អាចង្រៃ ហើយក្រែងមិនទាន់ថ្លៃ នឹងវិលវឹងមិនទាន់ហោង ។ លុះចរយាត្រាទៅ ដល់ព្រៃជ្រៅដុងដែនដង ឃើញឈើមួយធំផង ធំចំនួនបីឱបតឹង ។ អាសាញ់ព្យួរបាយហើយ ឈរព្រងើយធ្វើមិនដឹង ឪពុកប្រឹងសម្លឹង ធ្វើទ្រមឹងទ្រមក់នៅ ។ ឪពុកហៅថានៃ អាកុំប្រែឈរសៅដៅ អញកាប់ឈើនឹងទៅ ចាំទទួលវើយខំប្រឹង។ ឪពុកប្រឹងតែកាប់ ប្រុងសម្លាប់អាសាញ់ហ្នឹង អាសាញ់ឈរសម្លឹង ស្ទុះទៅទ្រឈើនោះណា៎ ។ ឪពុកស្រែកថាវ៉ី ខំឃ្មាតខ្មីណា៎អាវ៉ា ឈើនេះធ្វើទូកក្ដារ កុំឲ្យបែកបាក់ឡើយវ៉ី ។ ឯឈើបាក់សង្កត់ អាសាញ់ស្រុតលិចក្នុងដី ឪពុកស្រែកថាថ្វី ម្ដេចក៏លិចបាត់ទៅហើយ ។ គិតស្រេចហើយយាត្រា ដើរម្នីម្នាមកកន្តើយ ថាវាស្លាប់ទៅហើយ កាលណានឹងរស់ឡើងវិញ ។ ដើរមកធ្វើព្រងើយ ភ្លេចបាយហើយពុំនឹកមិញ ពុំត្រឡប់វិលវិញ ទៅយកបាយមកស៊ីឡើយ ។ គាត់ដើរចិត្តនឹកគិត ក្នុងគំនិតគាត់ជាត្រើយ ពុំបាននឹកបាយឡើយ ចេះតែគិតក្នុងឥន្ទ្រិយ ។ កាលពីដើមមកនៃ អញនឹកភ័យតែពីស៊ី ឥឡូវគ្មានគ្នាគ្នី មកតាមស៊ីបំផ្លាញឡើយ ។ ពុំដឹងខ្លួននឹងស្លាប់ ពៀរសម្លាប់គេនោះហើយ គេពុំស្លាប់សោះឡើយ ពៀរនោះហើយស្លាប់ខ្លួនឯង ។ ដើរមករកលំនៅ វង្វេងផ្លូវដាច់សង្វែង អត់បាយស្វិតពោះធេង ប្រាំពីរថ្ងៃក្ស័យជន្មា ។ នឹងថ្លែងហក់ទៅវិញ ឯចៅសាញ់នៅកំព្រា ងើបរួចឡើងម្នីម្នា រកបិតាពុំឃើញឡើយ ។ ប្រឹងស្រែកដង្ហោយហៅ ថាឱឪ! ទៅណាហើយ អញ្ជើញមកឪអើយ ! មកបរិភោគអាហារហោង ។ ស្រែកហៅពុំឮឆ្លើយ ទុក្ខពុំស្បើយឱរារង ទើបវិលមកវឹងផ្គង យកអាហារបរិភោក្ដា ។ រួចហើយទើបក្រោកដើរ ទៅមកឈើលីលើស្មា ទំហំបីឱបណា៎ លីលើស្មាហើយដើរទៅ ។ រេរកផ្លូវទៀតណា៎ ឯកអង្គាម្នាក់ឯងកូវ ឥតគ្នាជាពីរនៅ គ្រាន់ដើរទៅរកមណ្ឌល ។ រីផ្លូវដែលដើរមក ឥឡូវរកក៏ពុំយល់ ចេះតែដើរវិលវល់ អំពល់ក្នុងព្រៃព្រឹក្សា ។
ទមណ្ឌោកគតិ
ចៅសាញ់ដើរទៅ រកទីលំនៅអាត្មា ពុំឃើញឡើយណា៎ វង្វេងក្នុងព្រៃវក់វី ។ នឹងថ្លែងតទៅ ឯម្ដាយនិត្យនៅផ្ទះខ្មី ចាំមើលផ្លូវប្ដី ពុំឃើញបាត់ទាល់ល្ងាចណា៎ ។ ចេះតែទន្ទឹង សញ្ជប់សញ្ជឹងខ្លោចផ្សា ព្រួយក្នុងចិន្ដា ពុំបាននិទ្រាតិចឡើយ ។ ឮមាន់រងា ស្មានថាប្ដីហៅគិតឆ្លើយ បើកទ្វារឡើងហើយ រកមើលពុំឃើញឡើយណា៎ ។ ស្ដាប់ជាក់ជាមាន់ ក្នុងចិត្តក្នាញ់គ្នាន់សោះសា ថា! ឱអនិច្ចា អ្នកជាស្វាមីខ្ញុំនេះ ។ ក្ស័យឬយ៉ាងណា បានជាអ្នកបាត់ដល់ម្ល៉េះ ថ្ងៃមិញយប់នេះ ក៏ពុំទាន់ឃើញមុខមាត់ ។ មើលផ្លូវបាត់ហើយ នាងនៅព្រងើយស្ងៀមស្ងាត់ ហេតុត្បិតប្ដីបាត់ ស្ងៀមស្ងាត់រកស៊ីទៅណា ។ នេះនឹងថ្លាថ្លែង និទានចាយចែងចរចា ទៅចៅសាញ់ណា៎ ឯការដើរតែក្នុងព្រៃ ។ ចេះតែដើរទៅ ពុំដែលដឹងផ្លូវហើយនៃ ដើរត្រាច់ក្នុងព្រៃ រកផ្ទះពុំឃើញឡើយណា៎ ។ ឃើញតែពួកសត្វ ក្នុងចិត្តស្ងប់ស្ងាត់សោះសា ថាឱអនិច្ចា! អញអើយកំព្រាម្នាក់ឯង ។ ឱ! សត្វទាំងឡាយ នៅសុខសប្បាយឥតក្រែង អញអើយតែឯង ហៅមហាចំបែងពុំស្បើយ ។ មិនដូចសត្វផង ច្រើនក្រៃកន្លងជាត្រើយ មូលនឹងគ្នាហើយ ដើរទៅឯណាច្រើនក្រៃ ។អញដើរតែឯង គិតគ្រប់ស្ញប់ស្ញែងណាស់ខ្មី ក្រែងសត្វអ្វីៗ វាមកយាយីពាធា ។ រីឯដើមឈើ ដែលអញលីលើស្មាណា៎ បង្ការទុកជា ដើរតែក្នុងព្រៃឯកអង្គ ។ នេះនឹងស្រដី ទៅឯបុរីរាជរុង មួយនាមឧត្តុង្គ នគរព្រះបាទព្រហ្មទត្ត ។ ព្រះអង្គសោយរាជ្យ មែនមានអំណាចពេកក្ដាត់ គ្រងអស់រាស្ត្ររដ្ឋ នៅក្នុងនគរភូមិស្រុក ។