សម្រាប់មនុស្សមួយចំនួន ការបន្តការសិក្សានៅសាកលវិទ្យាល័យប្រៀបបានជាដំណើរឆ្ពោះទៅរកភាពជោគជ័យក្នុងជីវិត។ ប៉ុន្តែក្នុងសង្គមជាក់ស្តែងបានបង្ហាញឲ្យឃើញយ៉ាងច្បាស់មកថា វាមិនមែនជាផ្លូវតែមួយក្នុងការសម្រេចបានភាពជោគជ័យទេ។ ចុះសុភមង្គលវិញ? តើការបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យអាចជះឥទ្ធិពលលើសុភមង្គលរបស់មនុស្សបានប៉ុនណា?យោងទៅតាមលោក ជេហ្វហ្វ្រី អានេត (Jeffrey Arnett) ដែលជាអ្នកជំនាញផ្នែកចិត្តសាស្ត្រ និងសាស្ត្រចារ្យផ្នែកចិត្តសាស្ត្រប្រចាំសាកលវិទ្យាល័យ Clark University បានឲ្យដឹងថា ការអប់រំមានទំនាក់ទំនងខ្លាំងណាស់ជាមួយនឹងសុភមង្គលនៅថ្ងៃអនាគត។ ហើយក្នុងករណីនេះ សុភមង្គលត្រូវបានឲ្យនិយមន័យថា ការពេញចិត្ត និងជីវិតរបស់ខ្លួន។
ការស្រាវជ្រាវមួយនៅសហរដ្ឋអាមេរិកបានបង្ហាញប្រាប់មកថា មនុស្សកាន់តែមានសុភមង្គលពេលដែលទទួលបានការអប់រំកាន់តែខ្ពស់។ មូលហេតុ គឺមកពីការមានបរិញ្ញាប័ត្រទាក់ទិននឹងប្រភពនៃសុភមង្គលជាច្រើនដូចជា ការមានសុខភាពល្អ ការមានអាពាហ៍ពិពាហ៍នឹងនរ និងការរស់នៅបានយូរជាងមនុស្សដែលមិនបានរៀនចប់វិទ្យាល័យ។
លើសពីនេះទៅទៀត មនុស្សភាគច្រើនមានសុភមង្គលជាងមុន នៅពេលដែលខ្លួនអាចរកលុយបានច្រើនជាងមុន ហើយការមានបរិញ្ញាប័ត្រពិតជាអនុញ្ញាតឲ្យមនុស្សទូទៅរកបានការងារដែលផ្តល់ប្រាក់ខែខ្ពស់ជាងអ្នកដែលមិនមានបរិញ្ញាប័ត្រដែរ។